ប្រសិនបើខ្ញុំប្រាប់លោកអ្នកថា តម្លៃខ្នាតកណ្តាលនៃកាហ្វេមួយកែវ គឺពុំមែនជាការពិតទេ តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ?
ពិតណាស់ លោកអ្នកមួយចំនួន ប្រាកដជាថាខ្ញុំនិយាយកុហក បោកប្រាស់ ឬថាខ្ញុំនិយាយពុំដឹងអ្វីហើយ។ តែឈប់សិន! នេះមិនមែនជាអ្វីដែលខ្ញុំចេះតែលើកឡើងមកនោះទេ តែវាត្រូវបានអ្នកជំនាញផ្នែកទីផ្សារជាច្រើនទទួលស្គាល់ និងបានចាត់ទុកជាយុទ្ធសាស្ត្រទីផ្សារដ៏មានប្រសិទ្ធភាពមួយ ចំពោះការដាក់តម្លៃផលិតផល ឬសេវាកម្ម ឲ្យមានខ្នាត ឬតម្លៃកណ្តាល។
Decoy Marketing ឬ Decoy Pricing គឺជាយុទ្ធសាស្ត្រធ្វើទីផ្សារមួយ ដែលគេប្រើសម្រាប់ជម្រុញដល់ការលក់នៃអាជីវកម្មមួយ តាមរយៈការបង្កើតឲ្យមានតម្លៃនៅកណ្តាល រវាងផលិតផល ដែលមានតម្លៃទាប និងផលិតផល ដែលមានតម្លៃខ្ពស់។ ការប្រើប្រាស់ Decoy Marketing មិនត្រឹមតែបង្កើនឱកាសទិញរបស់អតិថិជននោះទេ វាក៏អាចធានាបានដល់ការទិញនូវជម្រើស ដែលមានតម្លៃថ្លៃរបស់អតិថិជនថែមទៀតផង។ ម្យ៉ាងវិញទៀត តើលោកអ្នកធ្លាប់ទៅផ្សារទំនើប ហើយជួបប្រទះទៅនឹងផលិតផលណាមួយ ដែលមានតម្លៃខ្ពស់គួរលើសពីការរំពឹងទុកដែរ ឬទេ? ថ្វីត្បិតតែដូច្នេះមែន តែពេលខ្លះវាជាចេតនារបស់ក្រុមហ៊ុនរបស់ផលិតផលនោះ ដើម្បីធ្វើឲ្យទំនិញដទៃទៀតរបស់ក្រុមហ៊ុនដដែលនោះ ហាក់មានភាពទាក់ទាញ និងគួរឲ្យចាប់អារម្មណ៍ជាងក៏ព្រោះតែមានតម្លៃសមរម្យ និងល្អប្រសើរជាង។
ខាងក្រោមនេះគឺជាវិធី ដែលអាជីវកម្មជាច្រើនបានប្រើប្រាស់ Decoy Marketing ដើម្បីលក់ផលិតផលរបស់ខ្លួន ដែលមានតម្លៃខ្ពស់។
ឧទាហរណ៍៖ នៅហាងការ៉េមមួយ មានការ៉េមចំនួន 2 ធំៗ គឺធំ និងតូច។ ការ៉េមខ្នាតតូចមានតម្លៃ $1.99 ការ៉េមខ្នាតធំមានតម្លៃ $5.99។ ដោយសារតែអតិថិជន មិនច្បាស់អំពីរសជាតិ ជាពិសេសគឺតម្លៃរវាងការ៉េមខ្នាតតូច និងខ្នាតធំ មានភាពខុសគ្នាឆ្ងាយពេក នោះអតិថិជនភាគច្រើនច្បាស់ជាជ្រើសរើស ការ៉េមខ្នាតតូច ដើម្បីសាកល្បងរសជាតិជាមុនសិន។ ប៉ុន្តែប្រសិនបើ ម្ចាស់ហាងបន្ថែមនូវ ការ៉េមខ្នាតកណ្តាលមួយទៀត ដែលមានតម្លៃ $4.99 នោះអតិថិជនអាចនឹងគិតថា គួរតែយក ការ៉េមខ្នាតធំ វិញព្រោះពួកគេគ្រាន់តែបន្ថែម $1 ទៀតប៉ុណ្ណោះពីលើការ៉េមខ្នាតកណ្តាល។
នេះយើងអាចសន្មតបានថា យុទ្ធសាស្ត្រ Decoy Marketing គឺជាយុទ្ធសាស្ត្រទីផ្សារមួយ ដែលមានភាពជោគជ័យខ្លាំង និងមានប្រសិទ្ធភាពខ្ពស់ផងដែរ សម្រាប់បណ្តារអាជីវកម្មនានា ពិសេសអាជីវកម្មបែបចំណីអាហារ ភេសជ្ជៈ និងទំនិញនានាជាដើម៕