fbpx
17Aug, 2023

វិធីសាស្ត្រជាច្រើនត្រូវបានគេបង្កើតឡើងជាបន្តបន្ទាប់ ក្នុងគោលបំណងទាក់ទាញចំណាប់អារម្មណ៍របស់ ទស្សនិកជន និងអតិថិជន។ ក្នុងនោះការធ្វើទីផ្សារ គឺជារឿងមួយដ៏សំខាន់បំផុត និងមិនអាចខ្វះបាននៅក្នុងអាជីវកម្ម ព្រោះតែវាអាចជួយឲ្យអតិថិជនមានចំណាប់អារម្មណ៍មកលើអាជីវកម្មរបស់លោកអ្នក។ ដោយឡែកការធ្វើទីផ្សារទៀតសោត ត្រូវបានគេបែងចែកជា០២ធំៗ គឺការធ្វើទីផ្សារតាមបែបប្រពៃណី និងការធ្វើទីផ្សារតាមបែបឌីជីថលទំនើប។

ថ្ងៃនេះយើងនឹងមកស្វែងយល់លម្អិតពីភាពខុសគ្នា ក៏ដូចជាគុណសម្បត្តិ និងគុណវិបត្តិ នៃការធ្វើទីផ្សារតាមបែបប្រពៃណី និងការធ្វើទីផ្សារតាមបែបឌីជីថលទំនើប។

១. និយមន័យ៖

  • ទីផ្សារបែបប្រពៃណី ៖ គឺសំដៅលើការធ្វើទីផ្សព្វផ្សាយលក់ផលិតផល ឬសេវាកម្មទាំងឡាយណា ដោយប្រើប្រាស់មធ្យោបាយបុរាណៗដូចជា ទូរទស្សន៍ វិទ្យុ កាសែត ទស្សនាវដ្តី ផ្ទាំងប៉ាណូ ឬខិតប័ណ្ណ ជាដើម។
  • ទីផ្សារបែបឌីជីថល ៖ គឺសំដៅទៅលើការផ្សព្វផ្សាយលក់ផលិតផល ឬសេវាកម្មទាំងឡាយណា ​ដោយប្រើ មធ្យោបាយទំនើបនានាដូចជា បណ្តាញសង្គម, ការ Live Video, SEO, Email, និងកម្មវិធីទូរស័ព្ទ (Mobile APPs)។

២. គុណសម្បត្តិ៖

  • ទីផ្សារបែបប្រពៃណី ៖ ថ្វីត្បិតតែប្រជាជនខ្មែរយើងភាគច្រើន បានងាកមកប្រើប្រាស់មធ្យោបាយទំនើបៗ ប៉ុន្តែក៏នៅតែមានប្រជាជនយើងមួយភាគតូច ពិសេសគឺក្រុមមនុស្សដែលមានវ័យចំណាស់ដូចជា លោកពូអ្នកមីង លោកយាយលោកតា នៅតាមទីជនបទនានា នៅតែនិយមប្រើប្រាស់ឧបករណ៍ ឬមធ្យោបាយបុរាណក្នុងការទទួលបាននូវព័ត៌មាន ដែលមានដូចជា វិទ្យុ ទូរទស្សន៍ ឬកាសែតជាដើម។ ដូច្នេះម្ចាស់អាជីវកម្ម ដែលមានអតិថិជនគោលដៅជាក្រុមមនុស្សវ័យចំណាស់ អាចពិចារណាក្នុងការប្រើប្រាស់មធ្យោបាយផ្សព្វផ្សាយខាងលើក្នុងការផ្សព្វផ្សាយពីអាជីវកម្មរបស់លោកអ្នកបាន។

  • ទីផ្សារបែបឌីជីថលទំនើប ៖ ចំណែកឯការធ្វើទីផ្សារតាមបែបឌីជីថលទំនើបវិញ គឺការប្រើប្រាស់ឧបករណ៍ ឬសម្ភារៈអេឡិចត្រូនិក ក្នុងការផ្សព្វផ្សាយ ជាពិសេសគឺការប្រើប្រាស់បណ្តាញសង្គមសម្រាប់ការ Live Video ឬធ្វើមាតិកាផ្សេងៗ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ក្រុមអតិថិជន ដែលមានវ័យកណ្តាល ឬជាយុវវ័យសម័យថ្មី ដោយសារតែពួកគេចំណាយពេលវេលាប្រចាំថ្ងៃ នៅលើបណ្តាញសង្គម ក៏ដូចជានៅជាមួយទូរស័ព្ទដៃផ្ទាល់របស់ពួកគេជាច្រើន ពោលគឺប្រមាណ ៦០% ទៅហើយ។ បន្ថែមពីលើនេះទៀត ការធ្វើទីផ្សារបែបឌីជីថល​ទំនើប ក៏បានផ្តល់ជូនលោកអ្នកនូវទិន្នន័យ និងប្រភពច្បាស់លាស់ ក្នុងការតាមដាន​ និងវាស់វែងពីប្រសិទ្ធភាពនៃការងារផងដែរ។ ម្យ៉ាងវិញទៀត ការផ្សព្វផ្សាយមានលក្ខណៈជា «ទ្វេភាគី» ដែលមានន័យថា លោកអ្នកអាចស្វែងយល់បន្ថែមពី ការកំណត់គោលដៅអតិថិជន ​ដែលលោកអ្នកប្រាថ្នាចង់បាន ព្រមទាំងអាចជួយកាត់បន្ថយការចំណាយ ដែលពុំចាំបាច់មួយចំនួនផងដែរ។

៣. គុណវិបត្តិ

  • ទីផ្សារបែបប្រពៃណី៖ គុណវិបត្តិនៃការធ្វើទីផ្សារតាមបែបប្រពៃណីគឺលោកអ្នក មិនអាចធ្វើការតាមដានពីទិន្នន័យ ក៏ដូចជាប្រភពនៃអតិថិជន ដែលលោកអ្នកទទួលបាននោះទេ ឬក៏អាចនិយាយបានថា លោកអ្នកពុំអាចដឹងថាភ្ញៀវរបស់លោកអ្នក ស្ថិតក្នុងតំបន់ណា ឬស្ថិតក្នុងចន្លោះវ័យណានោះទេ ក៏ព្រោះតែការផ្សព្វផ្សាយមានលក្ខណៈជា «ឯកភាគី» ដោយលោកអ្នកមានការពិបាកនៅក្នុងការកំណត់នូវអតិថិជន និងគោលដៅនៃការផ្សព្វផ្សាយណាស់។ ហើយអ្វីដែលលោកអ្នកគួរចាប់អារម្មណ៍ទៀតនោះ គឺការចំណាយអាចនឹងមានចំនួន​ច្រើនលើសលប់ ប្រសិនបើលោកអ្នកចង់ឲ្យពាណិជ្ជកម្មរបស់លោកអ្នក អាចរីកដាលទៅដល់មនុស្សក្នុងចំនួនច្រើន។
  • ទីផ្សារបែបឌីជីថលទំនើប៖ គុណវិបត្តិតែមួយគត់របស់ការធ្វើទីផ្សារតាមបែបឌីជីថលទំនើប នោះគឺនៅពេលដែលក្រុមអតិថិជនគោលដៅរបស់លោកអ្នកជាមនុស្សដែលមានវ័យចំណាស់ ក៏ព្រោះតែភាគច្រើន ពួកគាត់ពុំចេះប្រើប្រាស់ប្រព័ន្ធឌីជីថល ឬឧបករណ៍អេឡិចត្រូនិកទំនើបនោះទេ ដែលជាហេតុអាចបណ្តាលឲ្យការធ្វើទីផ្សាររបស់លោកអ្នកមិនទទួលបាននូវភាពជោគជ័យដូចការរំពឹងទុក៕

 

Telegram

 

Leave a Reply

Your email address will not be published. Required fields are marked *

X