fbpx
17Aug, 2023

ការធ្វើអាជីវកម្ម និងផ្សព្វផ្សាយផលិតផល ឬសេវាកម្មនៅលើបណ្តាញសង្គមនានា ពិសេសគឺនៅលើបណ្តាញសង្គម Facebook ដែលជាបណ្តាញសង្គមដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅលើពិភពលោក បាននឹងកំពុងតែរីកដុះដាលយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់។ក៏ប៉ុន្តែមិនមែនគ្រប់អាជីវកម្ម ដែលមានវត្តមាននៅលើបណ្តាញសង្គមមួយនេះ សុទ្ធតែអាចទទួលបាននូវភាពជោគជ័យនោះទេ។ តួយ៉ាង ប្រសិនបើយើងក្រឡេកទៅមើលពីយុទ្ធសាស្ត្រនៃការលក់ និងការផ្សព្វផ្សាយវិញ គឺមានភាពស្រដៀងគ្នា ឬយើងអាចនិយាយបានថាចម្លងគ្នាស្ទើរតែទាំងស្រុងពីមួយទៅមួយ។ យ៉ាងណាមិញ ចំណុចដ៏សំខាន់មួយ ដែលម្ចាស់អាជីវកម្មគួរតែដឹង និងអនុវត្ថ ដើម្បីអាចទទួលបានប្រសិទ្ធភាពខ្ពស់ នោះគឺការប្រើប្រាស់ពាក្យពេចន៍ក្នុងការផ្សព្វផ្សាយឲ្យបានត្រឹមត្រូវតាមក្បួន និងតាមការណែនាំពីអ្នកជំនាញ។

តើគួរសរសេរពាក្យពេចន៍ក្នុងការផ្សព្វផ្សាយបែបណាទើបទាក់ទាញ?

១. ចំនួននៃការប្រើប្រាស់ពាក្យពេចន៍

បើតាមការណែនាំពីអ្នកជំនាញផ្នែកទីផ្សារ ក៏ដូចជាផ្អែកទៅលើបទពិសោធន៍របស់ខ្ញុំផ្ទាល់ ខ្ញុំសង្កេតឃើញថា ប្រជាជនខ្មែរយើង ក៏ដូចជាប្រជាជននៅតាមបណ្តាប្រទេសជាច្រើនទៀត ហាក់មានការធ្លាក់ចុះចំពោះការអានសំណេរវែងៗ ពោលគឺពួកគាត់ផ្តោតទៅលើមាតិកាទាំងឡាយណា ដែលមានលក្ខណៈខ្លីតែខ្លឹម ងាយស្រួលយល់ និងងាយស្រួលអាន​។ បើយោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន CleverTap ដែលជាក្រុមហ៊ុនអន្តរជាតិមួយ ដែលបានធ្វើការសិក្សាទៅលើឥរិយាបថរបស់មនុស្សនៅលើបណ្តាញសង្គមនានា បានបង្ហាញថាចំនួនពាក្យពេចន៍ដែលមានភាពទាក់ទាញខ្លាំងសម្រាប់អាជីវកម្មតូចធំនានា គឺនៅចន្លោះពី១០១ទៅ១២០តួរអក្សរសម្រាប់ភាសាអង់គ្លេស ចំណែកឯភាសាខ្មែរយើងវិញក៏មិនខុសគ្នាប៉ុន្មានដែរ បើយើងប្រៀបធៀបទៅគឺ ០៣ ទៅ ០៥ ជួរគឺល្អបំផុត ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺចំពោះជួរដំបូងគឺត្រូវតែទាក់ទាញខ្លាំងបំផុត ទើបភាគរយនៃអ្នកដែលបានឃើញការផ្សព្វផ្សាយរបស់អ្នកចាប់អារម្មណ៍ខ្ពស់​។

២. ប្រើប្រាស់ពាក្យពេចន៍ដែលមានថាមពល

តើពាក្យពេចន៍ថាមពលគឺជាអ្វី? ពាក្យពេចន៍ដែលមានថាមពលគឺជាពាក្យពេចន៍ ដែលទាក់ទាញអតិថិជនបានខ្លាំងបំផុត​។ ពាក្យទាំងនោះមានដូចជា៖ ការបញ្ចុះតម្លៃពិសេស ឬប្រម៉ូសិនពិសេស រួសរាន់ឡើង ដំណឹងពិសេស ទិញមួយថែមមួយ … ។ ពាក្យពេចន៍ទាំងនេះគឺភាគច្រើនត្រូវបានគេយកមកប្រើប្រាស់ដើម្បីទាក់ទាញចំណាប់អារម្មណ៍អតិថិជន ឲ្យសាកល្បងជាវផលិតផល ឬសេវាកម្មរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព។ លោកអ្នកអាចសាកល្បងបានដោយយកពាក្យពេចន៍ថាមពលនេះបូករួមជាមួយចំណុចទីមួយខាងលើ ពោលគឺសរសេរដោយពាក្យពេចន៍ថាមពលនៅជួរដំបូងគេហើយធ្វើការប្រៀបធៀបលទ្ធផលទៅនឹងការសរសេរចាស់ៗរបស់លោកអ្នក ថាតើវាមានភាពខុសគ្នាយ៉ាងណាខ្លះ។

៣. ការប្រើប្រាស់រូបសញ្ញា Emoji

លោកអ្នកសាកស្រម៉ៃមើលនៅពេលលោកអ្នកក្រលេកឃើញអត្ថបទមួយ ដែលពោពេញទៅដោយអក្សរសុទ្ធ តើលោកអ្នកប្រាកដចិត្តទេដែលលោកអ្នកនឹងអានអត្ថបទនោះរហូតដល់ចប់? ភាគតិចណាស់ដែលមនុស្សនឹងអានការផ្សព្វផ្សាយរបស់អ្នករហូតដល់ចប់នៅពេលដែលពួកគេឃើញការសរសេរនោះមានអក្សរច្រើនពេក នេះបើតាមការបង្ហាញពី ក្រុមហ៊ុន CleaverTap ខាងលើដដែល។ ដូច្នេះការប្រើប្រាស់រូបសញ្ញា Emoji អាចជួយឲ្យការសរសេររបស់លោកអ្នកមានភាពប្រសើរ និងទាក់ទាញជាងមុន។ លើសពីនេះទៅទៀត វាបានជួយសម្រួលដល់ការអាន និងការ​សរសេរ​របស់លោកអ្នកផងដែរ ដោយវាអាចយកធ្វើជាសញ្ញារំលេចបញ្ជាក់នូវព័ត៌មានសំខាន់ៗមួយចំនួន ដូចជាសញ្ញាទូរស័ព្ទ ☎️ សម្រាប់បញ្ជាក់លេខទូរស័ព្ទជាដើម៕​

Telegram

 

Leave a Reply

Your email address will not be published. Required fields are marked *

X