fbpx
24Aug, 2023

អ្នកធ្វើទីផ្សារជាច្រើននៅលើពិភពលោក បាននឹងកំពុងតែព្យាយាមស្វិតស្វាញ ក្នុងការស្វែងរក និងបង្កើតនូវវិធីសាស្ត្រប្លែកៗជាច្រើនបន្តបន្ទាប់ ដើម្បីធ្វើឲ្យអតិថិជនអាចទទួលបាននូវអ្វីដែលថ្មី ក៏ដូចជា កុំឲ្យអតិថិជនមានភាពធុញទ្រាន់ជាមួយនឹងរបស់ដដែលៗ។
ក្នុងនោះ ការបង្កើតនូវព្រឹត្តការណ៍ ឬ Event ជាពិសេសកំឡុងពេល Live គឺជាវិធីសាស្ត្រដ៏ល្អមួយ ដែលអាចជួយឲ្យលោកអ្នកទាក់ទាញចំណាប់អារម្មណ៍អតិថិជនបាន ក៏ដូចជាបង្កើនការលក់នៅរាល់ពេលមានការ Live ផងដែរ។
ខាងក្រោមនេះ គឺជាព្រឹត្តការណ៍សំខាន់ចំនួន ០២ ដែលលោកអ្នកអាចប្រើប្រាស់ក្នុងការជម្រុញលទ្ធភាពទិញរបស់អតិថិជន នៅពេល Live បាន៖

១. ព្រឹត្តិការណ៍ «ក្រោយថ្ងៃបើកប្រាក់ខែ» ឬ Afterpay Day៖

លោកអ្នកអាចសាកល្បងប្រើប្រាស់នូវព្រឹត្តិការណ៍នេះបាន ពោលគឺធ្វើការ Live លក់ផលិតផលរបស់លោកអ្នក នៅក្រោយពេលដែលមនុស្សភាគច្រើន ទទួលបានប្រាក់ខែ ឬប្រាក់បៀវត្សរបស់ពួកគេ ពោលគឺចន្លោះពីថ្ងៃទី០១ រហូតដល់ថ្ងៃទី០៥ ជារៀងរាល់ខែ។ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកក៏អាចធ្វើការបន្ថែមជាមួយនឹងប្រូម៉ូសិនពិសេសផ្សេងៗទៀត ដើម្បីជម្រុញដល់ការសម្រេចចិត្តអតិថិជន ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុនផងដែរ ដោយសារតែវាទាក់ទងទៅនឹងចិត្តសាស្ត្រ និងទម្លាប់របស់មនុស្ស។ តួយ៉ាង នៅពេលដែលអ្នកធ្វើការទទួលបានប្រាក់ខែ ឬប្រាក់បៀវត្ស ពួកគេតែងតែយល់ថា ពួកគេគួរតែជូនកាដូដល់ខ្លូនឯង ឬពួកគេគួរតែទិញនូវសម្ភារ ឬផលិតផលប្រើប្រាស់ ដែលពួកគេស្រឡាញ់ចង់បានជាយូរមកហើយ។

២. ព្រឹត្តិការណ៍ «ថ្ងៃសុក្រពណ៌ខ្មៅ» ឬ Black Friday៖

ព្រឹត្តិការណ៍ ថ្ងៃសុក្រពណ៌ខ្មៅ នេះ ត្រូវបានគេបង្កើតឡើងដំបូងគេនៅឯសហរដ្ឋអាមេរិក តែក្រោយមកត្រូវបានគេទទួលស្គាល់ និងពេញនិយមទូទាំងពិភពលោក។ តាមរយៈព្រឹត្តិការណ៍ ថ្ងៃសុក្រពណ៌ខ្មៅនេះ បានធ្វើឲ្យការលក់នៅសហរដ្ឋអាមេរិកមានកំណើនខ្ពស់រហូតដល់ 16.9% ក្នុងឆ្នាំ 2017 គឺប្រហែលជាជាង 2,36 ពាន់លានដុល្លារ បើប្រៀបធៀបទៅនឹងឆ្នាំ 2016។ យ៉ាងណាមិញ លោកអ្នកក៏អាចប្រើប្រាស់ព្រឹត្តិការណ៍នេះ ដើម្បីជម្រុញដល់ការលក់នៅក្នុង Live របស់លោកអ្នកផងដែរ។ ពោលគឺលោកអ្នកអាចប្រើប្រាស់ថ្ងៃសុក្រ ដែលជាថ្ងៃចុងសប្តាហ៍សម្រាប់មនុស្សភាគច្រើនសម្រាកពីការងារ ឬការសិក្សា ធ្វើជាថ្ងៃពិសេសសម្រាប់អាចឲ្យអតិថិជនរបស់លោកអ្នក ធ្វើការតាមដានការ Live លក់ផលិតផលរបស់លោកអ្នក ក៏ដូចជាអាចជួយជម្រុញដល់ការបញ្ជាទិញទំនិញរបស់ពួកគេផងដែរ។ ជាក់ស្តែង លោកអ្នកអាចធ្វើការប្រកាសដល់អតិថិជនរបស់លោកអ្នកថា ជារៀងរាល់ថ្ងៃសុក្រចុងសប្តាហ៍ លោកអ្នកនឹងមានការ Live លក់ផលិតផលជាមួយតម្លៃពិសេស ឬមានការដាក់លក់នូវផលិតផលថ្មី ដែលទើបតែនាំចូលជាដើម៕

Telegram

 

Leave a Reply

Your email address will not be published. Required fields are marked *

X