fbpx
24Aug, 2023

នៅពេលនិយាយពីការចង់បង្កើតយុទ្ធនាការទីផ្សារមួយឲ្យបានជោគជ័យ មិនថាតែលោកអ្នក ដែលពុំមានជំនាញក្នុងការធ្វើទីផ្សារ ឬលោកអ្នកដែលទើបតែចូលប្រឡូកក្នុងវិស័យទីផ្សារថ្មីៗនោះទេ សូម្បីតែអ្នកជំនាញមួយចំនួន ក៏តែងតែជួបប្រទះនូវបញ្ហានេះផងដែរ។ លោកអ្នកត្រូវដឹងថា មិនមែនគ្រប់យុទ្ធនាការទីផ្សារទាំងអស់ សុទ្ធតែទទួលបានផលជោគជ័យនោះទេ រហូតមានម្ចាស់អាជីវកម្មមួយចំនួន ត្រូវខាតបង់លុយអស់ច្រើនថែមទៀតផង។ មូលហេតុមួយ ក្នុងចំណោមមូលហេតុចម្បងដទៃទៀត គឺមកពីពួកគាត់ពុំបានធ្វើការរៀបចំ និងអនុវត្តឲ្យបានត្រឹមត្រូវ។ តែកុំបារម្ភ ថ្ងៃនេះ យើងនឹងមកស្វែងយល់ពីរឿងទាំង ០៦ ដែលអាចជួយឲ្យការធ្វើយុទ្ធនាការទីផ្សាររបស់អ្នកទទួលបានជោគជ័យ។

១. ដឹងពីព័ត៌មានផលិតផល ឬសេវាកម្ម

ជំហានដំបូង និងសំខាន់បំផុត ដែលលោកអ្នកត្រូវដឹងនោះគឺការដឹងពីព័ត៌មានពីផលិតផល ឬសេវាកម្មរបស់អ្នកឲ្យបានច្បាស់។ ការដឹងនេះ គឺមិនគ្រាន់តែស្គាល់ពីឈ្មោះ រូបរាងរបស់ផលិតផល ឬសេវាកម្មតែមួយមុខប៉ុណ្ណោះទេ។ ប៉ុន្តែលោកអ្នកត្រូវដឹងពីការប្រើប្រាស់ អត្ថប្រយោជន៍ កាលបរិច្ឆេទនៃការផលិត គុណភាព តម្លៃ ហើយពិសេសទៀតនោះគឺ តើផលិតផល ឬសេវាកម្មរបស់លោកអ្នក អាចជួយដោះស្រាយបញ្ហាអ្វីខ្លះរបស់អតិថិជនគោលដៅរបស់លោកអ្នក។ ការស្គាល់ច្បាស់ពីខ្លួនឯងសិន នោះទើបលោកអ្នកអាចផ្សាយឲ្យអតិថិជនរបស់លោកអ្នក មានទំនុកចិត្តមកលើអាជីវកម្មរបស់លោកអ្នកបាន។

២. មើលប្រតិទិន ដើម្បីដឹងពីព្រឹត្តិការណ៍ផ្សេងៗ

បន្ទាប់ពីដឹងព័ត៌មានផលិតផល ឬសេវាកម្មហើយ លោកអ្នកគួរតែចាប់អារម្មណ៍ទៅលើប្រតិទិនរបស់លោកអ្នក ថាតើក្នុងខែនេះ ឬខែបន្ទាប់ៗទៀត មានថ្ងៃពិសេស ឬបុណ្យជាតិសំខាន់ៗ ដែរឬទេ? ពីព្រោះ ដើម្បីអាចបង្កើតយុទ្ធនាការទីផ្សារបាន លោកអ្នកគួរតែធ្វើការជ្រើសរើស ឬកំណត់យកថ្ងៃណាមួយ ដែលមានព្រឹត្តការណ៍ពិសេស និងគួរឲ្យចាប់អារម្មណ៍ ដើម្បីធ្វើការផ្សព្វផ្សាយទៅកាន់អតិថិជនរបស់លោកអ្នក។
គួរបញ្ជាក់ផងដែរថា អតិថិជនរបស់អ្នកអាចនឹងរំពឹងពីការធ្វើ Promotion របស់អ្នកនៅថ្ងៃពិសេសផ្សេងៗដូចជា៖ ទិវាឆ្លងឆ្នាំថ្មី ពិធីបុណ្យចូលឆ្នាំចិន ពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យភ្ជុំបិណ្ឌ និងព្រះរាជពិធីបុណ្យអុំទូក ជាដើម។ល។ ដូច្នេះ អ្នកក៏គួរតែតាមដាន និងកត់ត្រាទុកព្រឹត្តិការណ៍ទាំងនោះ នៅលើប្រតិទិនរបស់អ្នកផងដែរ។
តួយ៉ាង ដោយសារតែការលក់ បញ្ចុះតម្លៃពិសេស Black Friday មួយថ្ងៃប៉ុណ្ណោះ អាចជួយឲ្យសហរដ្ឋអាមេរិក រកចំណូលបានប្រមាណ ៨.៩ ពាន់លានដុល្លា កាលពីឆ្នាំ២០២១។

៣. កំណត់ពីគោលបំណង និងលទ្ធផល ដែលចង់បាន

ខ្ញុំជឿជាក់ថា គ្មានយុទ្ធនាការទីផ្សារណា ដែលបង្កើតឡើងមកដោយគ្មានគោលបំណង និងលទ្ធផល ដែលចង់សម្រេចបាននោះទេ។ តួយ៉ាង ប្រសិនបើអ្នកធ្វើយុទ្ធនាការដោយគ្មានគោលដៅ នោះប្រៀបបីដូចជាអ្នកធ្វើដំណើរលើនាវាចរមួយ ដែលគ្មានទិសដៅផងដែរ។ ការកំណត់គោលបំណង និងលទ្ធផល ដែលចង់សម្រេចបាន ជួយលោកអ្នកក្នុងវាស់វែងពីប្រសិទ្ធភាព នៅពេលដែលលោកអ្នកបញ្ចប់យុទ្ធនាការទីផ្សារនោះ។
គោលបំណង និងលទ្ធផលទាំងនោះអាចមានដូចជា៖
• ជម្រុញដល់ការលក់
• បង្កើនប្រាក់ចំណេញ
• ធ្វើឲ្យអតិថិជនស្គាល់កាន់តែច្បាស់ពីអាជីវកម្មរបស់លោកអ្នក។ល។

៤. គម្រោងថវិកា នៃការចំណាយ

យុទ្ធនាការទីផ្សារ នឹងមិនអាចកើតឡើងបានទេ ប្រសិនបើគ្មានគម្រោងថវិកា សម្រាប់ចំណាយទៅលើការងារផ្សេងៗ។ យ៉ាងហ៊ោចណាស់ អ្នកក៏ត្រូវចំណាយទៅលើតម្លៃពលកម្មរបស់ក្រុមការងារអ្នកផងដែរ។ ហើយប្រសិនបើអ្នកចង់ផ្សព្វផ្សាយ ឲ្យការធ្វើយុទ្ធនាការទីផ្សាររបស់អ្នកកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតនោះ លោកអ្នកក៏ត្រូវធ្វើការចំណាយលើការ Boost នៅលើបណ្តាញសង្គម ដែលអ្នកប្រើប្រាស់បន្ថែមទៀតផងដែរ។

៥. រៀបចំមាតិកា ដែលត្រូវបង្កើតសម្រាប់ផ្សព្វផ្សាយ

បន្ទាប់ពីបានរៀបចំ និងកំណត់នូវជំហានទាំង០៤ ខាងលើរួចហើយ វាដល់ពេល ដែលអ្នកត្រូវគិតគូរដល់មាតិកា ដែលអ្នកត្រូវបង្កើតសម្រាប់ផ្សព្វផ្សាយវិញម្តង។ ចំណុចសំខាន់ៗមួយចំនួន ដែលអ្នកត្រូវគិតរួមមាន៖
• ប្រភេទ ឬទម្រង់មាតិកា ដែលត្រូវមាន (រូបភាព វីដេអូ…)
• សារ ឬពាក្យពេចន៍អាជីវកម្ម (Key Message)
• កាលបរិច្ឆេទ និងសុពលភាព នៃយុទ្ធនាការទីផ្សារ
• មធ្យោបាយក្នុងការផ្សព្វផ្សាយ ។ល។

៦. អនុវត្តនូវយុទ្ធនាការ ទៅតាមកាតព្វកិច្ច និងផ្នែកនីមួយៗ

ជំហានចុងក្រោយគេបង្អស់នោះគឺ ការអនុវត្ត។ ពោល គឺលោកអ្នកត្រូវយកអ្វី ដែលអ្នកបានរៀបចំទាំងអស់នៅក្នុងចំនុចទាំង០៥ខាងលើ មកអនុវត្តទៅតាមផែនការ ដែលលោកអ្នកបានគ្រោងទុក ក៏ដូចជាចាត់ចែងកាតព្វកិច្ច ទៅឲ្យក្រុមការងារ នៅតាមផ្នែកដែលពាក់ព័ន្ធ។ ហើយលោកអ្នកត្រូវចាំថា ដើម្បីអាចអនុវត្តយុទ្ធនាការទីផ្សារមួយឲ្យជោគជ័យទៅបាន លុះត្រាតែមានអ្នកជំនាញគ្រប់ផ្នែកចូលរួមសហការគ្នា។ ផ្នែកដែលចូលរួមទាំងនោះអាចមាន៖ ផ្នែកលក់ ផ្នែករចនារូបភាព (ឌីហ្សាញ) និងផ្នែកទីផ្សារ ជាដើម៕

Telegram

 

Leave a Reply

Your email address will not be published. Required fields are marked *

X