fbpx
24Aug, 2023

ឆ្នាំ២០២២ ទើបតែបញ្ចាប់ទៅថ្មីៗ ហើយឆ្នាំ២០២៣ ក៏បានចូលមកដល់ប៉ុន្មានថ្ងៃរួចហើយដែរ។ ដូចពាក្យចាស់លោកថា “ផ្លាស់ឆ្នាំចាស់ ឆ្លងចូលឆ្នាំថ្មី ហើយអ្វីៗក៏ថ្មីទៅតាមហ្នឹងដែរ”។ ក៏មិនខុសគ្នាដែរ ក្រុមការងារយើងក៏បានខិតខំស្វែងរកនូវយុទ្ធសាស្ត្រថ្មីៗ ដែលអាចជួយជម្រុញដល់ការលក់សម្រាប់បងប្អូន ដែលជាម្ចាស់អាជីវកម្មអនឡាញ ដើម្បីឲ្យបងប្អូនអាចទទួលបាននូវចំណេះដឹង និងគន្លឹះថ្មីៗសម្រាប់អនុវត្តនៅក្នុងអាជីវកម្មរបស់បងប្អូន។ ខាងក្រោមនេះ គឺជាយុទ្ធសាស្ត្រថ្មីៗ សម្រាប់ជួយជម្រុញការលក់របស់បងប្អូន ដែលជាម្ចាស់អាជីវកម្មអនឡាញឆ្នាំ២០២៣៖

១. តាមរយៈណែនាំគ្នា (Referral Program)

យុទ្ធសាស្ត្រនេះត្រូវបានមនុស្សភាគច្រើនចាត់ទុកថាជា “ការបោកតគ្នា” តែតាមពិតទៅ គឺវាមានភាពខុសគ្នាពីយុទ្ធសាស្ត្រពីរ៉ាមីត (Pyramid Scheme) ព្រោះតែយុទ្ធសាស្ត្រនេះ គឺមិនតម្រូវឲ្យអតិថិជនចាស់ធ្វើការបង់ប្រាក់មុន ឬចុះឈ្មោះអ្វីនោះទេ តែវាជាការណែនាំដោយស្មោះត្រង់ និងចេញពីទឹកចិត្តទៅវិញនោះទេ។ ពោលគឺតម្រូវឲ្យម្ចាស់អាជីវកម្មព្យាយាមក្នុងការយកចិត្តអតិថិជន ដែលបានបញ្ជាទិញផលិតផល ឬប្រើប្រាស់សេវាកម្មរបស់បងប្អូនឲ្យបាន ដោយធ្វើឡើងតាមរយៈការបម្រើសេវាកម្មអតិថិជនឲ្យបានល្អបំផុត ផ្តល់នូវគុណប្រយោជន៍ និងគុណតម្លៃតាមរយៈផលិតផល ឬសេវាកម្មរបស់បងប្អូន ព្យាយាមដោះស្រាយបញ្ហា ដែលអតិថិជនជួបប្រទះកំឡុងពេលបញ្ជាទិញ និងក្រោយពេលបញ្ជាទិញ ក៏ដូចជាព្យាយាមផ្គត់ផ្គង់ទំនិញ ឲ្យបានទាន់ចិត្ត និងទាន់ពេលវេលារបស់អតិថិជន ជាដើម។ល។ ការធ្វើបែបនេះអាចឲ្យអតិថិជនពេញចិត្តជាមួយ និងទទួលបាននូវបទពិសោធន៍ល្អៗជាមួយអាជីវកម្មរបស់លោកអ្នក ហើយនៅពេលដែលពួកគេពេញចិត្តហើយ ពួកគេនឹងមិនស្ទាក់ស្ទើរក្នុងការណែនាំពីផលិតផល ឬសេវាកម្មរបស់លោកអ្នក ទៅកាន់ក្រុមគ្រួសារ មិត្តភ័ក្តិ ឬអតិថិជនផ្សេងទៀត ដែលពួកគេស្គាល់។ ជាក់ស្តែង បើតាមទិន្នន័យបង្ហាញដោយគេហទំព័រ Meltwater បានបង្ហាញថា អតិថិជនជាង ៧៤% ទទួលស្គាល់ថាពួកគេហ៊ានសម្រេចចិត្តទិញផលិតផល ឬប្រើប្រាស់សេវាកម្មណាមួយ ដោយសារមានការណែនាំពីអ្នកដែលពួកគេទុកចិត្ត។

២. បង្កើតសហគមន៍អនឡាញ (Build an Online Community)

ការកសាងសហគមន៍អនឡាញ ឬតាមរយៈ Facebook Group ក៏ជាយុទ្ធសាស្ត្រដ៏ល្អមួយផងដែរ ក្នុងការជម្រុញដល់លទ្ធភាពលក់របស់លោកអ្នក។ ក៏ព្រោះតែវាអាចអនុញ្ញាតឲ្យអតិថិជនគោលដៅ ចូលរួមបានរហូតដល់រាប់សែន រាប់លាននាក់ ហើយលោកអ្នកក៏អាចកំណត់អំពីការចូលរួមបាននៅក្នុងនោះដោយផ្ទាល់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកក៏អាចធ្វើការចែករំលែកព័ត៌មានផ្សេងៗ ទាក់ទងទៅនឹងអាជីវកម្មរបស់លោកអ្នក ដូចជា ការជូនដំណឹងសំខាន់ៗ ឬការធ្វើបច្ចុប្បន្នភាពនៃអាជីវកម្មរបស់លោកអ្នកជាដើម។ ក៏ប៉ុន្តែវាទាមទារពេលវេលាក្នុងការ កសាងសហគមន៍នេះឲ្យដំណើរការ ដែលជាហេតុលោកអ្នកត្រូវមានការអត់ធ្មត់ និងតស៊ូប្រឹងប្រែង ក្នុងការបង្កើតទំនាក់ទំនងជាមួយសមាជិក ដែលបានចូលរួម ព្រមទាំងព្យាយាមបើកចិត្ត ចែករំលែកដល់ម្ចាស់អាជីវកម្មដទៃទៀត ដោយអនុញ្ញាតឲ្យពួកគេអាចចូលរួមផ្សព្វផ្សាយពីផលិតផល ឬសេវាកម្មរបស់ពួកគេផងដែរ ព្រោះថាពាក្យសហគមន៍ គឺសំដៅដល់ភាពសម្បូរបែប និងចម្រុះគ្នា។ ម្យ៉ាងវិញទៀត នៅពេលដែលសហគមន៍មួយ ពោរពេញទៅដោយភាពសម្បូរបែប និងចម្រុះ ដូចនេះអតិថិជនក៏អាចងាកមកចាប់អារម្មណ៍ទៅលើសហគមន៍នោះផងដែរ។

៣. ប្រើប្រាស់ Facebook Ads

លោកអ្នកត្រូវដឹងថា មានតែប្រហែលចន្លោះពី ១% ទៅ ៣% នៃអ្នកដែលបាន Like ឬ Follow Page របស់លោកអ្នកប៉ុណ្ណោះ ដែលអាចមើលឃើញពីការបង្ហោះរបស់លោកអ្នក។ ដូច្នេះលោកអ្នកមិនគួរមើលរំលងពីការប្រើប្រាស់ Facebook Ads ដែលជាការផ្សព្វផ្សាយផ្ទាំងពាណិជ្ជកម្មរបស់លោកអ្នក នៅលើបណ្តាញសង្គម Facebook ផ្ទាល់។ យ៉ាងណាមិញ Facebook Ads ក៏មានគុណសម្បត្តិ និងគុណវិបត្តិរបស់វាផងដែរ៖
• គុណសម្បត្តិនៃការប្រើប្រាស់ Facebook Ads គឺវាអាចជួយឲ្យផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នក អាចទៅដល់មនុស្សលើសពីអ្នកដែលបាន Like ឬ Follow Page របស់លោកអ្នក។ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកក៏អាចធ្វើការជ្រើសរើសនូវគោលបំណង (Objective) សម្រាប់ផ្ទាំងពាណិជ្ជកម្មរបស់លោកអ្នកផងដែរ។ ឧទាហរណ៍៖ លោកអ្នកអាចជ្រើសរើសឲ្យអតិថិជនទំនាក់ទំនងមកកាន់លោកអ្នកតាមរយៈការ Chat ឬ Call ដើម្បីជម្រុញដល់ការលក់ ឬលោកអ្នកចង់ឲ្យអតិថិជនចុច Like ឬ Follow Page របស់លោកអ្នកក៏អាចធ្វើទៅបាន។
• គុណវិបត្តិនៃការប្រើប្រាស់ Facebook Ads វិញ នោះគឺវាតម្រូវឲ្យលោកអ្នកធ្វើការចំនាយនូវថវិកា ដើម្បីធ្វើការផ្សព្វផ្សាយ។ លើសពីនេះទៅទៀត វាក៏ទាមទារឲ្យលោកអ្នកចេះពីវិធីក្នុងការប្រើប្រាស់ឲ្យបានត្រឹមត្រូវ និងគោរពតាមលក្ខខណ្ឌ ដែលក្រុមហ៊ុន Facebook បានចែង។ បើពុំដូច្នោះទេ លោកអ្នកអាចនឹងប្រឈមទៅហ្នឹងការហាមឃាត់នានា រហូតឈានដល់ការបិទបញ្ឈប់ដំណើរការ Page របស់លោកអ្នកផងដែរ។

៤. ប្រើប្រាស់ក្រុមការងារ ដែលមានជំនាញ

សម្រាប់ចំណុចទាំង០៣ ខាងលើ លោកអ្នកអាចអនុវត្តដោយខ្លួនឯងផ្ទាល់ក៏បាន ឬលោកអ្នកអាចប្រើប្រាស់សេវាកម្មរបស់ក្រុមការងារ ដែលមានជំនាញ និងវិជ្ជាជីវៈច្បាស់លាស់ ដែលអាចជួយឲ្យអាជីវកម្មរបស់លោកអ្នក ដំណើរការបានដោយរលូន និងអាចបញ្ចៀសនូវរាល់បញ្ហានានា ដូចជាការបិទបញ្ឈប់ដំណើរការ Page ជាដើម។ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ លោកអ្នកអាចយកពេលវេលារបស់លោកអ្នកទៅគិតគូរអំពីការពង្រីកអាជីវ

កម្ម ឬកិច្ចការងារប្រចាំថ្ងៃផ្សេងៗទៀតផងដែរ ព្រោះថាក្រុមការងារដែលមានជំនាញ អាចជួយរកដំណោះស្រាយផ្សេងៗ ដើម្បីជួយឲ្យអាជីវកម្មរបស់លោកអ្នកទទួលបានការគាំទ្រ ក៏ដូចជាអាចស្វែងរកអតិថិជនពិតប្រាកដសម្រាប់លោកអ្នកថែមទៀតផង៕

Telegram

 

Leave a Reply

Your email address will not be published. Required fields are marked *

X