fbpx
17Aug, 2023

ប្រសិនបើលោកអ្នកពុំមាន ឬធ្លាប់ធ្វើការងារនៅក្នុងវិស័យទីផ្សារ ពិតណាស់លោកអ្នកប្រាកដជាយល់ថាការបង្កើតយុទ្ធសាស្ត្រទីផ្សារ សម្រាប់ផ្សព្វផ្សាយពីផលិតផល ឬសេវាកម្មរបស់លោកអ្នកនៅលើបណ្តាញសង្គម គឺពិតជាមានផលវិបាកជាក់ជាពុំខាន។ យ៉ាងណាមិញ ថ្ងៃនេះយើងនឹងជួយលោកអ្នក ឲ្យបង្កើតយុទ្ធសាស្ត្រទីផ្សារនៅលើ​បណ្តាញ​សង្គម Facebook តាមវិធីសាស្ត្រងាយៗទាំង០៤ នេះ៖

១. បង្កើតកម្មវិធីប្រកួតសប្បាយៗ៖

កម្មវិធីប្រកួតសប្បាយៗ នៅតែជាវិធីសាស្ត្រទីផ្សារ ដ៏មានប្រសិទ្ធភាពខ្ពស់មួយ ក្នុងការផ្សព្វផ្សាយឲ្យអតិថិជនឆាប់ស្គាល់ពីអាជីវកម្មរបស់លោកអ្នក ក៏ព្រោះតែអ្នកដែលប្រើប្រាស់បណ្តាញសង្គមជាច្រើន រមែងប្រើប្រាស់បណ្តាញសង្គមមួយនេះជាការកម្សាន្ត បន្ទាប់ពីបំពេញការងារ ឬទំនាក់ទំនង។ ការបង្កើតកម្មវិធីប្រកួតនេះទៀតសោត លោកអ្នកអាចធ្វើឡើងជាការកម្សាន្តដោយពុំមានរង្វាន់ ឬមានជាការឲ្យរង្វាន់អនុស្សាវរីយ៍ជាផលិតផលរបស់លោកអ្នកផ្ទាល់ ឬរង្វាន់ផ្សេងក៏បាន សម្រាប់អ្នកដែលបានចូលរួមលេង ឬប្រកួត ដើម្បីឲ្យពួកគេមានទឹកចិត្តក្នុងការលេង គឺរឹតតែប្រសើរ ហើយលោកអ្នកអាចដាក់លក្ខខណ្ឌក្នុងការចូលរួមលេង ឬប្រកួតដូចជា៖ ត្រូវចែករំលែក Post ជា Public ត្រូវ Mention ឈ្មោះមិត្តភក្តិឲ្យបានយ៉ាងតិច០៣ ឬ០៥ ទៅតាមទំហំនៃរង្វាន់ និងត្រូវ Like ឬ Follow Page របស់លោកអ្នកជាដើម។ ការធ្វើបែបនេះ អាចជួយឲ្យ Page របស់លោកអ្នកទទួលបាននូវចំនួនអ្នក Like ឬ Follow បានលឿន ហើយថែមទាំងអាចជួយឲ្យពួកគេមានអារម្មណ៍ល្អជាមួយ​អាជីវកម្មរបស់លោកអ្នកផងដែរ។

២. បង្កើតវីដេអូខ្លីៗ និងមានប្រយោជន៍

ការបង្កើតល្បែងកម្សាន្ត ឬកម្មវិធីប្រកួតសប្បាយៗតែមួយមុខ គឺពុំគ្រប់គ្រាន់នោះទេ។ លោកអ្នកក៏ត្រូវចាំថាអតិថិជនមួយភាគធំ គឺត្រូវការពិចារណាឲ្យច្បាស់សិន មុនពេលដែលពួកគេសម្រេចចិត្តជ្រើសរើសប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់លោកអ្នក។ ដូច្នេះការផលិតជាវីដេអូខ្លីៗ មានប្រយោជន៍ និងជាប់ទាក់ទងទៅនឹងអាជីវកម្មរបស់លោកអ្នក ដោយលោកអ្នកអាចចែករំលែកអំពីប្រធានបទណា ដែលផ្តោតទៅលើអត្ថប្រយោជន៍នៃការប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់លោកអ្នក ក៏ដូចជាការចែករំលែកពីគន្លឹះល្អៗ មានប្រយោជន៍ ដែលអ្នកទស្សនាហើយ អាចទទួលបានចំណេះដឹងអ្វីមួយ បន្ទាប់ពីមើលវីដេអូ នៅលើ Page របស់លោកអ្នក។ ចំណែកឯរយៈពេល នៃវីដេអូនីមួយៗ លោកអ្នកត្រូវព្យាយាមធ្វើយ៉ាងណាឲ្យនៅចន្លោះ ៣០វិនាទី ឬយូរបំផុតនៅត្រឹម ២នាទី គឺជារយៈពេលដែលល្អបំផុត ហើយវាក៏ត្រូវបានណែនាំដោយអ្នកជំនាញផងដែរ។ ព្រោះថា បើវីដេអូមានរយៈវែងលើសពីនេះ នោះចំនួនអ្នក ដែលអាចមើលវីដេអូរបស់បងប្អូន ក៏មានចំនួនតិចទៅតាមហ្នឹងផងដែរ។

៣. បង្កើតកម្មវិធីប្រចាំសប្តាហ៍ ឬប្រចាំខែ

លោកអ្នកអាចធ្វើជាប្រូម៉ូសិនខ្នាតតូច នៅថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យចុងសប្តាហ៍ ព្រោះវាជាថ្ងៃដែលមនុស្សភាគច្រើនទំនេរពីការសិក្សា ក៏ដូចជាបំពេញការងារ។ ហើយប្រសិនបើលោកអ្នកមានកម្មវិធីប្រូម៉ូសិនខ្នាតធំ ឬកម្មវិធីពិសេសប្រចាំខែវិញ លោកអ្នកឲ្យជ្រើសរើសថ្ងៃដែលមនុស្សភាគច្រើនទើបតែបើកប្រាក់ខែ ពោលគឺនៅចន្លោះពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ប្រចាំខែ ព្រោះមនុស្សភាគច្រើនតែងតែចង់ចំណាយលុយខ្លះ ដើម្បីជូនរង្វាន់ដល់ខ្លួនឯង ឬចំណាយលុយខ្លះទិញនូវអ្វីដែលពួកគេចង់បានជាយូរមកហើយ។ នៅពេលដែលលោកអ្នកមានកម្មវិធីប្រចាំសប្តាហ៍ ឬប្រចាំខែ នោះវាអាចបង្កើតការចងចាំមួយទៅឲ្យអតិថិជន ក៏ដូចជាអ្នកដែលគាំទ្រផលិតផល ឬសេវាកម្មរបស់លោកអ្នក ពោលពួកគេអាចនឹងចងចាំថាជារៀងរាល់ចុងសប្តាហ៍ ឬជារៀងរាល់ដើមខែ Page របស់លោកអ្នក នឹងមានធ្វើកម្មវិធីពិសេស ដែលមិនគួរមើលរំលង។ ដូច្នេះ​ លោកអ្នកអាចនឹងចំណេញលុយទៅលើការផ្សព្វផ្សាយ ដោយលោកអ្នកពុំចាំបាច់ធ្វើការប្រូម៉ូត ក៏អតិថិជនរបស់លោកអ្នកនឹងធ្វើការសួរនាំពីអាជីវកម្មរបស់លោកអ្នកជាក់ជាពុំខាន។

៤. បង្កើតមាតិកាក្នុងទម្រង់ចម្រុះ (ណែនាំដោយ Facebook)

សម្រាបចំនុចនេះវិញ ត្រូវបានណែនាំដោយក្រុមហ៊ុន Facebook ដោយក្រុមការងារបានធ្វើការស្រាវជ្រាវ យោងតាមឯកសាររបស់ក្រុមហ៊ុនផ្ទាល់។ ដោយនៅក្នុងនោះ Facebook បានធ្វើការណែនាំឲ្យអ្នកធ្វើផលិតមាតិកាទាំងអស់ ព្យាយាមបង្កើតមាតិកាឲ្យមានភាពចម្រុះ និងគ្រប់ទម្រង់ ដោយក្នុងនោះរួមមាន៖ ការបង្កើតមាតិកាជាទម្រង់ “រូបភាព” ការផលិតមាតិកាជាទម្រង់ “វីដេអូ” ការបង្ហោះជាប្រភេទ “Story” ដោយលោកអ្នកអាចបង្ហោះជាទម្រង់រូបភាព ឬវីដេអូក៏បាន ហើយជាចុងក្រោយនោះគឺ ធ្វើការបង្ហោះតាមរយៈការ “Live Video”៕

Telegram

 

Leave a Reply

Your email address will not be published. Required fields are marked *

X