fbpx
17Aug, 2023

ការធ្វើទីផ្សារ គឺពិតជាមិនងាយស្រួលនោះទេ ប្រសិនបើលោកអ្នកមិនបានឆ្លងការវគ្គសិក្សា ឬធ្លាប់បានអនុវត្តវាពីមុនមក​។​ យ៉ាងណាមិញ ថ្ងៃនេះយើងនឹងមកសិក្សាជាមួយគ្នាពីគន្លឹះសំខាន់ៗទាំង០៨ ដែលអាចជួយឲ្យការធ្វើទីផ្សារកាន់តែមានប្រសិទ្ធភាពថែមមួយកម្រិតទៀត ដែលគន្លឹះទាំងនេះគឺពិតជាល្អសម្រាប់បងប្អូនម្ចាស់អាជីវកម្ម និងអ្នកធ្វើទីផ្សារដំបូងៗ។

១. កំណត់គោលដៅ ដែលចង់សម្រេចបាន

លោកអ្នកគួរតែសួរខ្លួនឯងថា តើខ្ញុំធ្វើទីផ្សារ ឬរៀបចំយុទ្ធសាស្ត្រទីផ្សារនេះ ដើម្បីសម្រេចនូវអ្វី និងធ្វើឡើងក្នុងគោលបំណងអ្វី? ពីព្រោះថាបើលោកអ្នកពុំបានកំណត់នូវគោលបំណង ឬគោលដៅឲ្យបានច្បាស់លាស់ទេ នោះប្រៀបដូចជាលោកអ្នក ចំណាយធនធាន និងពេលវេលាឥតប្រយោជន៍ដូច្នោះផងដែរ។ គោលដៅទាំងនោះអាចមានដូចជា៖

  • បង្កើនការលក់
  • បង្កើនកេរ្តិ៍ឈ្មោះអាជីវកម្ម
  • ជូនដំណឹងផ្សេងៗទៅកាន់អតិថិជន…។ល។

២. កំណត់ចំណែកទីផ្សារ ឬក្រុមអតិថិជនគោលដៅ

ជាទូទៅ អាជីវកម្មនីមួយៗ សុទ្ធសឹងតែមានក្រុមគោលដៅអតិថិជនរបស់ខ្លួន។ ដូច្នេះលោកអ្នកត្រូវដឹងថាពួកគេជាអ្នកណា ដោយលោកអ្នកអាចធ្វើគំរូអតិថិជន (Buyer Personas) តាមរយៈការសួរសំណួរដូចខាងក្រោម៖

  • តើពួកគេមកពីទីណា? ភ្នំពេញ ឬបណ្តារខេត្ត?
  • តើពួកគេស្ថិតនៅចន្លោះក្រុមមនុស្សអាយុប៉ុន្មាន?
  • តើពួកគេមានភេទអ្វី?
  • តើពួកគេមានមុខរបរអ្វី?
  • តើខ្ទង់ចំណាយរបស់ពួកគេ ជាមធ្យមនៅចន្លោះពីប៉ុន្មានទៅប៉ុន្មាន…។ល។

៣. កំណត់ និងសិក្សាពីដៃគូរប្រកួតប្រជែង

បើតាមបទពិសោធន៍របស់ខ្ញុំបាទផ្ទាល់ ដៃគូរប្រកួតប្រជែងនៃអាជីវកម្មយើង គឺជាគ្រូដ៏ល្អបំផុតសម្រាប់យើង ពិសេសគឺសម្រាប់អាជីវកម្ម ដែលទើបតែចាប់ផ្តើមតែម្តង ក៏ព្រោះតែ៖

  • យើងអាចរៀនសូត្រពីការចាប់ផ្តើមរបស់គេ
  • បទពិសោធន៍ជោគជ័យ
  • គន្លឹះក្នុងការដើម្បីចំណែកទីផ្សារ
  • យុទ្ធសាស្ត្រក្នុងការចងចិត្តអតិថិជន
  • បទពិសោធន៍បរាជ័យ និងគន្លឹះល្អៗនានា

ចំណុចខាងលើទាំងនេះ គឺអាចជួយឲ្យយើងទទួលបាននូវព័ត៌មានកាន់តែច្បាស់ អំពីការចាប់ផ្តើមអាជីវកម្មមួយនោះ ក៏ដូចជាក្នុងការសម្រេចចិត្តសំខាន់ៗផ្សេងទៀត។

៤. ជ្រើសរើសប្រភពនៃការផ្សព្វផ្សាយឲ្យបានត្រឹមត្រូវ

លោកអ្នកត្រូវធ្វើការជ្រើសរើសនូវប្រភពផ្សព្វផ្សាយឲ្យបានត្រឹមត្រូវ។ ពោលគឺលោកអ្នកត្រូវដឹងថា៖

  • តើអតិថិជនរបស់លោកអ្នកនិយមប្រើប្រាស់មធ្យោបាយអ្វី ក្នុងការទទួលយកព័ត៌មានច្រើនជាងគេ?
  • តើពួកគេចំណាយពេលវេលានៅលើប្រព័ន្ធផ្សព្វផ្សាយអ្វីច្រើនជាងគេ?
  • តើម៉ោងប៉ុន្មាន ដែលពួកគេប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយនោះច្រើនជាងគេ?
  • តើម៉ោងប៉ុន្មាន ដែលពួកគេចូលចិត្តមើលការ Live របស់លោកអ្នកច្រើនជាងគេ?…។ល។

៥. បង្កើតមាតិកា ដែលផ្តល់ជាគុណតម្លៃ និងទាក់ទងនឹងអាជីវកម្មរបស់អ្នក

ជាជាងបង្កើតមាតិកា ដែលគ្រាន់តែធ្វើតាមគេដោយសារឃើញគេទទួលបានចំនួនមនុស្សមើលច្រើន ឬចែករំលែកច្រើន លោកអ្នកគួរតែបង្កើតប្រភេទមាតិកា ដែលផ្តល់ជាគុណតម្លៃ និងអត្ថប្រយោជន៍ទៅដល់អតិថិជន ឬក្រុមមនុស្សគោលដៅរបស់អ្នកប្រសើរជាង។ ហើយលោកអ្នកក៏អាចឆ្លៀតឱកាសបញ្ចូលនូវព័ត៌មានផ្សេងៗអំពីអាជីវកម្មរបស់លោកអ្នកទៅក្នុងនោះផងដែរ ដើម្បីឲ្យអតិថិជន អាចងាយស្រួលក្នុងការយល់ដឹង និងចងចាំពីអាជីវកម្មរបស់លោកអ្នក។

៦. វាស់វែងប្រសិទ្ធភាពការងារ ដែលបានធ្វើរួច

ចំណុចសំខាន់មួយ ដែលម្ចាស់អាជីវកម្ម ក៏ដូចជាអ្នកធ្វើទីផ្សារតែងតែមើលរំលងនោះគឺ ការវាស់វែងប្រសិទ្ធភាពការងារ ដែលខ្លួនបានធ្វើរួច។ ការវាស់វែងប្រសិទ្ធភាពការងារ អាចជួយឲ្យយើងដឹងពីចំណុចសំខាន់ៗជាច្រើនដូចជា៖

  • តើយុទ្ធសាស្ត្រទីផ្សារ ដែលបានដាក់ចេញទទួលបានជោគជ័យដែរ ឬទេ?
  • តើចំណុចណាខ្លះ ដែលត្រូវកែលម្អ?
  • តើការចំណាយ សមាមាត្រនឹងផលត្រឡប់វិញដែរឬទេ?
  • តើគួរបន្តអនុវត្តយុទ្ធសាស្ត្រនោះបន្តទៀតឬទេ?…។ល។

៧. សិក្សា និងកែតម្រូវចំណុចខ្វះខាត

ចំណុចនេះគឺបន្តពីចំណុចទី៦ «វាស់វែងប្រសិទ្ធភាពការងារ ដែលបានធ្វើរួច»។ ជាការពិតណាស់ បន្ទាប់ពីយើងធ្វើការវិភាគវាស់វែងទៅលើប្រសិទ្ធភាពការងារ ដែលបានធ្វើរួចហើយ លោកអ្នកគួរតែសិក្សាលម្អិតទៅលើចំណុចវិជ្ជមាន ពិសេសគឺទៅលើចំណុចអវិជ្ជមានទាំងឡាយ ព្រមទាំងធ្វើការកែតម្រូវនូវចំណុចខ្វះខាតទាំងនោះឲ្យបានប្រសើរឡើង ព្រមទាំងតាមដានលើចំណុចទាំងនោះបន្ថែម ដើម្បីឲ្យប្រាកដចិត្តថា លោកអ្នកពិតជាបានដោះស្រាយបញ្ហានោះយ៉ាងពិតប្រាកដមែន។

៨. ប្រើប្រាស់ក្រុមការងារឲ្យត្រូវតាមជំនាញ និងវិជ្ជាជីវៈ

នេះគឺជាចំណុចពិសេស សម្រាប់ម្ចាស់អាជីវកម្មតែម្តង ព្រោះថាលោកអ្នកនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើន នៅពេលដែលលោកអ្នកប្រើប្រាស់ ឬចាត់តាំងក្រុមការងារឲ្យត្រូវតាមជំនាញ និងវិជ្ជាជីវៈរបស់ពួកគេ៖

  • ពួកគេយល់ច្បាស់ពីការងារ ដែលពួកគេធ្វើ
  • ពួកគេបានប្រឡូក ឬមានបទពិសោធន៍នៅក្នុងការងារទាំងនោះស្រាប់
  • ពួកគេអាចបំពេញការងារបានឆាប់រហ័សជាងអ្នកដែលពុំមានជំនាញ ឬធ្វើការពុំចំជំនាញ៕

Telegram

 

Leave a Reply

Your email address will not be published. Required fields are marked *

X