fbpx
17Aug, 2023

ហេតុអ្វីទីតាំងល្អ តែបែរជាគ្មានភ្ញៀវចូលសោះអ៊ីចឹង? ចុះម្ត៉េចហាងគេនៅលើផ្លូវជាមួយគ្នា បែរជាមានភ្ញៀវចេញចូលច្រើនម្ល៉េះ?

គេបើកហាងលក់ដូរ ស្រដៀងខ្ញុំដែរ តែម្ត៉េចគេអាចមានលទ្ធភាពពង្រីកហាងបានណ៎?
តើលោកអ្នកធ្លាប់ជួបប្រទះនូវបញ្ហាដូចខាងលើនេះ ដែរឬទេ?
ប្រសិនបើលោកអ្នកកំពុងស្ថិតនៅក្នុងបញ្ហានេះ បានន័យថាលោកអ្នកកំពុងជួបបញ្ហា «ទីផ្សារឆ្អែត» ហើយ។ ថ្ងៃនេះ យើងនឹងមកស្វែងយល់ពីអ្វីទៅជា «ទីផ្សារឆ្អែត» ទាំងអស់គ្នា។

១. អ្វីទៅជា «ទីផ្សារឆ្អែត»?

ទីផ្សារឆ្អែត គឺសំដៅលើស្ថានភាពមួយ ដែលការផលិត និងផ្គត់ផ្គង់ផលិតផល ឬសេវាកម្ម មានចំនួនច្រើនជាងតម្រូវការទីផ្សារនៅក្នុងពេលបច្ចុប្បន្ន។
ឧទាហរណ៍៖ ប្រសិនបើនៅក្នុងតំបន់របស់លោកអ្នក មានអាជីវកម្មលក់កាហ្វេដល់ទៅ ០៥កន្លែង រួចហើយ ដូច្នេះប្រសិន បើលោកអ្នកចាប់ផ្តើមអាជីវកម្មលក់កាហ្វេថែមមួយទៀតនោះ វាអាចបណ្តាលឲ្យកើតបានជាស្ថានភាព «ទីផ្សារឆ្អែត»។ គឺបានន័យថា អតិថិជនមានជម្រើសច្រើនពេក ក្នុងការជ្រើសរើសកន្លែងទិញរបស់ពួកគេ។

២. មូលហេតុដែលធ្វើឲ្យមាន «ទីផ្សារឆ្អែត»

កត្តាសំខាន់ៗ ដែលបណ្តាលឲ្យមានស្ថានភាព «ទីផ្សារឆ្អែត» មានដូចជា៖
ចំនួននៃការផលិត ឬផ្គត់ផ្គង់ លើសពីតម្រូវការដែលមាន
បម្រែបម្រួលនៃចំណង់ចំណូលចិត្តរបស់មនុស្ស
បម្រែបម្រួលនៃតថភាពសង្គម…។

ឧទាហរណ៍៖ តម្រូវការប្រើប្រាស់ទូរស័ព្ទនៅតែមាន តែដោយសារការពេញនិយមទៅលើរូបរាង ភាពងាយស្រួល និងប្រព័ន្ធ Software ទំនើប បានធ្វើឲ្យចំនួនអ្នកប្រើប្រាស់ទូរស័ព្ទរបស់ក្រុមហ៊ុន Nokia មានការធ្លាក់ចុះ ហើយការលក់របស់ iPhone និង Samsung មានការកើនឡើងវិញ។

៣. ដំណោះស្រាយសម្រាប់ «ទីផ្សារឆ្អែត»

ដើម្បីដោះស្រាយ​ ឬបញ្ចៀសនូវបញ្ហា «ទីផ្សារឆ្អែត» នេះបាន លោកអ្នកគួរតែ៖ សិក្សាពីតម្រូវការទីផ្សារឡើងវិញ បង្កើនការច្នៃប្រឌិត និងពង្រឹងសមត្ថភាពអាជីវកម្មខ្លួន ពង្រីកទៅលើការកំណត់នូវទីផ្សារ និងអតិថិជនគោលដៅរបស់ខ្លួន បង្កើត ឬវិវត្តខ្លួនទៅជាអាជីវកម្មបែបសហការវិញ ទើបប្រសើរជាង។
សូមបញ្ជាក់ថា អាជីវកម្មបែបសហការនេះ គឺសំដៅទៅលើការធ្វើអាជីវកម្មមួយ ដែលអាចជួយបំពេញបន្ថែមទៅអាជីវកម្មនៅក្នុងតំបន់នោះ។ តួយ៉ាង ប្រសិនបើតំបន់របស់លោកអ្នក​ សម្បូរទៅដោយហាងលក់បាយ លោកអ្នកអាចជ្រើសរើសអាជីវកម្មបែបលក់ភេសជ្ជៈ ឬបង្អែម ដែលអាចជួយបំពេញបន្ថែមទៅឲ្យអាជីវកម្មនៅក្បែរនោះ៕

Telegram

Leave a Reply

Your email address will not be published. Required fields are marked *

X