អស់រយះពេលជាច្រើនឆ្នាំមនុស្សគ្រប់គ្នាទូទាំងពិភពលោកយល់ច្រឡំថាលោក Alexander Graham Bell ជាអ្នកបង្កើតទូរស័ព្ទ ដំបូងបង្អស់ ប៉ុន្តែរហូតដល់ឆ្នាំ២០០២ទើបការពិតត្រូវបានបើកបង្ហាញថាមនុស្សម្នាក់នេះជាអ្នកបង្កើតទូរស័ព្ទ ដំបូងបង្អស់ទៅវិញ។ តើសាច់រឿងមួយនេះមានអាថ៌កំបាំងនិងរឿងរ៉ាវចម្រោងចម្រាសយ៉ាងណាខ្លះនោះ សូមតាមដានអត្ថបទទាំងអស់គ្នា។
លោក Antonio Meucci ជាអ្នកវិទ្យាសាស្រ្តជនជាតិអ៊ីតាលីម្នាក់ កើតនៅក្នុងឆ្នាំ១៨០៨ នៃទីក្រុងFlorence ប្រទេសអ៊ីតាលី។ Meucciជាមនុស្សឆ្លាតវៃនិងតែងតែបង្កើតអ្វីថ្មីៗហើយនៅក្នុងឆ្នាំ១៨៤៩ គាត់បានរចនាគំរូដំបូងនៃទូរស័ព្ទ អេទ្បិចត្រូម៉ាញេទិចដែលគាត់ឲ្យឈ្មោះថា Teletrofono ។ក្នុងកំឡុងឆ្នាំ១៩៥០ Meucciនិងក្រុមគ្រួសារបានផ្លាស់ទីលំនៅ មករស់នៅលើកោះstaten នៃទីក្រុងNew York សហរដ្ខអាមេរិក ។ Meucciបានចាប់ផ្តើមបង្កើតទូរស័ព្ទ អេឡិចត្រូម៉ាញ៉េទិច ឲ្យចេញជារូបរាងលើកដំបូងក្នុងឆ្នាំ១៨៥៦ ហើយនៅឆ្នាំ១៨៦០ Meucci បានយកឧបករណ៍ Teletrofono មកដាក់បង្ហាញជាសាធារណៈលើកដំបូង និងបានដាក់ពាក្យស្នើសុំចុះបញ្ជីកម្មសិទ្ធបញ្ញានៅឆ្នាំ១៨៧១។ ជារឿងអកុសលដោយតែបញ្ហាសុខភាពដែលបណ្តាលមកពីការផ្ទុះធុងចំហាយទឹករបស់កប៉ាល់ កំឡុងពេលគាត់កំពុងធ្វើដំណើរទៅកាន់កោះStaten បូករួមទាំងបញ្ហាហរិញ្ញវត្ថុ
Meucci មិនមានលទ្ធិភាពបង់ប្រាក់បន្ត សម្រាប់ការការពារការស្នើសុំកម្មសិទ្ធបញ្ញារបស់គាត់ទៀតបាន នៅក្នុងកំឡុងឆ្នាំ១៨៧៤ ហើយការស្នើរសុំរបស់គាត់ត្រូវទទួលបរាជ័យ ។ក្រោយមកទៀតឆ្នាំ១៨៧៦ លោក Alexander Graham Bell ជាអ្នកវិទ្យាសាស្រ្តម្នាក់ធ្វើការនៅមន្ទីរពិសោធន៍ Western Union បានដាក់ពាក្យស្នើសុំចុះបញ្ជីកម្មសិទ្ធបញ្ញានៃស្នាដៃដែលបង្កើតទូរស័ព្ទដំបូង បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម Meucci បាន ដាក់ពាក្យប្តឹងតវ៉ាទៅកាន់ការិយាល័យស្នើសុំកម្មសិទ្ធិបញ្ញាក្នុងទីក្រុងវ៉ាសិនតោន សហរដ្ឌអាមេរិក ។ប៉ុន្តែឯកសារពាក់ព័ន្ធនិងគំរូរបស់់ឧបករណ៏ Teletrofono ដែល Meucci បានរក្សាទុកនៅមន្ទីរពិសោធន៍ Waster Union ត្រូវបានបាត់បង់យ៉ាងអាថ៏កំបាំង ហើយការប្តឹងតវ៉ារបស់ Meucci ត្រូវបានគេជំទាស់ និងចោទប្រកាន់ពីបទឆបោក ។បន្ទាប់មក ការស្នើរសុំរបស់ Alexander Graham Bell ទទួលបានភាពជោគជ័យ ដែលត្រូវបានគេទទួលស្គាល់ស្នាដៃជាអ្នកបង្កើតទូរស័ព្ទដំបូងបង្អស់ ក្នុងឆ្នាំ១៨៧៦ដដែលនោះ ។យ៉ាងណាមិញបើទោះបីជា Meucci បរាជ័យក្នុងការតវ៉ាដើម្បីការពារកម្មសិទ្ធបញ្ញានៃការចៃ្នប្រឌិតរបស់គាត់យ៉ាងណាក្តី គាត់នៅតែបន្តការប្តឹងផ្តល់ទៅកាន់លោក Alexander Graham Bell ជាច្រើនលើកច្រើនសារ បើទោះបីជាមេធាវីរបស់ Alexander Graham Bell ច្រានចោលសុំណុំរឿងនេះ ម្តងហើយម្តងទៀតក្តី ហើយការប្តឹងផ្តល់នៅតែបន្តរហូតដល់ឆ្នាំ១៨៨៦ តែជារឿងគួរឲ្យសោកស្តាយ Meucci ត្រូវបានស្លាប់ដោយសារបញ្ហាសុខភាព ក្នុងឆ្នាំ១៨៨៩ យ៉ាងអយុត្តិធម៌ ចំណែកឯតុលាសម្រេចឲ្យAlexander Graham Bell ឈ្នះរឿងក្តីមួយនេះ។ ហើយរហូតមកដល់ឆ្នាំ២០០២ទើបសភាតំណាងជាតិរបស់សហរដ្ឋអាមេរិកបានធ្វើសេចក្តីសម្រេច អំពីសមិទ្ធផលរបស់ Antonio Meucci និងការទទួលស្នាដៃនៃការបង្កើតទូរសព្ទ័ដំបូងបង្អស់របស់ Meucci ផងដែរ។ ប៉ុន្តែការទទួលស្គាល់នេះវាហាក់បីដូចជាយឺតពេលសម្រាប់ Meucci ណាស់ ដោយហេតុដែលគាត់ត្រូវរងនូវភាពអយុត្តិធម៌អស់រយៈពេលជាង១សតវត្ស ទើបពិភពលោកព្រមទទួលស្គាល់ស្នាដៃដ៏អស្ចារ្យមួយនេះ។